ចេញផ្សាយថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២៤
ខេត្ដបន្ទាយមានជ័យ ៖ គិតម៉េចទៅសម្ដេចទាំងទ្វេ រឿងដីចំណតរថយន្ដផ្សារអគ្គថ្មីក្នុងក្រុងប៉ោយប៉ែត ខណៈរាជរដ្ឋាភិបាលបានចេញ ស.ជ.ណ ពីរលើកទៅហើយ បែរជាគ្មានប្រសិទ្ធភាព មហាជនកំពុងទន្ទឹងរង់ចាំមើលចំណាត់ការរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
អភិបាលខេត្ដបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មិនបានអនុវត្ដទៅតាម ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានចំណាររបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នោះទេ។ ផ្ទុយទៅវិញ ដីចំណតរថយន្តផ្សារអគ្គថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាដីសាធារណៈរបស់រដ្ឋ ត្រូវបានប្រែក្លាយទៅជាដីកម្មសិទ្ធិឯកជន គ្មានសល់ និងមានអាគារខនដូរពាសពេញទាំងអស់ ទោះជាសូមសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចេញ សជណ និរាករណ៍លើពាក្យស្នើសុំអោយមានការដោះដូរចំណតរថយន្ដចំនួនពីរលើកហើយក៏ដោយ។
សជណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី លេខ៣៩៤សជណ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ និង សជណ ទីស្ដីការគណៈរដ្ឋមន្ត្រី លេខ៩២៧ សជណ.មយ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ។
ដោយមានចំណារដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជអាណាចក្រកម្ពុជា ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លើលិខិតលេខ៩១៨១សហវ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ករណីនិរាករណ៍ មិនឲ្យមានការដោះដូរទីតាំងចំណតរថយន្ត ក្រុងសេរីសោភ័ណ និងទីតាំងចំណតរថយន្ដថ្មីផ្សារអគ្គ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ និងនិរាករណ៍គោលការអនុញ្ញាតអោយវិនិយោគ និងធ្វើអាជីវកម្មភាស៊ីចំណតរថយន្ដតូច ចំណតរថយន្ដដឹកភ្ញៀវធុនធំ និងរថយន្ដដឹកទំនិញធុនធំ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្ដបន្ទាយមានជ័យ។
ចំណាររបស់សម្ដេចទាំងទ្វេ ទាំងពីរលើក ពុំឃើញមានប្រសិទ្ធភាពទេ។ បច្ចុប្បន្នទីតាំងចំណតរថយន្ដផ្សារអគ្គថ្មី និងចំណតរថយន្ដធំបេនឡានរបស់រដ្ឋ បានប្រែក្លាយទៅជាកម្មសិទ្ធិឯកជន និងអាគារខនដូរពេញអស់ទៅហើយ ដោយល្បីថាមួយចំណែកធំជាកម្មសិទ្ធិរបស់អ្នកមានអំណាចនៅខេត្ដបន្ទាយមានជ័យផងដែរ។
អ្នកស្រី វុន យីហ៊ុប ភរិយារបស់លោកឧត្ដមសេនីយ៍ឯក ផាន់ សាមន្ថា ម្ចាស់ផាស៊ីចំណតរថយន្តក្រុងប៉ោយប៉ែត សូមអំពាវនាវដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួយផ្ដល់យុត្តិធម៌ រឿងក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណនីហរ័ណ និងសំណង់ បានបំផ្លិចបំផ្លាញ និងបានរំលោភយកទ្រព្យសម្បត្តិរបស់អ្នកស្រីអស់ហើយ។
ក្រោយពីរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចនិរាករណ៍ ការអនុញ្ញាតអោយមានការដោះដូរ ចំណតរថយន្ដក្រុងសេរីសោភ័ណ និងចំណតរថយន្ដថ្មីផ្សារអគ្គ របស់ក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណនីហរ័ណ និងសំណង់រួចមក គេសង្កេតឃើញ សំណង់នៅតែបន្តសាងសង់យ៉ាងគគ្រឹកគគ្រេង នៅលើដីទីតាំងចំណតរថយន្ដថ្មីផ្សារអគ្គជាដីសាធារណៈរបស់រដ្ឋដដែល។ ក្រុមហ៊ុននៅតែបន្តធ្វើអាជីវកម្ម ដាក់ស្លាកលក់ដីនៅចំណតរថយន្ដធំ (បេនឡាន) និងធ្វើការយកផាស៊ីនៅលើដីនោះបន្តទៀត។
អ្នកស្រី វុន យីហ៊ុប អតីតម្ចាស់ផាស៊ីចំណតរថយន្ដក្រុងប៉ោយប៉ែត បានអះអាងថា ដីចំណតរថយន្ដ (បេនឡាន) ជាដីកម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោកស្រី ត្រូវបានក្រុមហ៊ុន ឈឿន ចាន់ថន រំលោភបំពានយក ហើយអាគារចំនួនបីល្វែងនៅក្នុងទីតាំងចំណតរថយន្ដថ្មីផ្សារអគ្គ ក៏ត្រូវបានក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណនីហរ័ណ និងសំណង់ យកគ្រឿងចក្រវាយកម្ទេចចោល យកដីលក់ ធ្វើអោយអ្នកស្រី រលាយរលត់អស់ទ្រព្យសម្បត្តិពីខ្លួន ធ្លាក់ខ្លួននៅផ្ទះជួល។
រហូតមដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ ទោះជាមានស.ជ.ណ ចេញពីទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានចំណាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងចំណាររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្ដមទេសរដ្ឋមន្ដ្រី កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្ដបន្ទាយមានជ័យ និងស.ជ.ណ របស់ក្រសួងមហាផ្ទៃ គោរពជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏នៅតែមិនអាចបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន ឈឿន ចាន់ថន អាហរ័ណនីហរ័ណ ខណៈសកម្មភាពសាងសង់សំណង់នៅតែបន្តឥតឈប់ឈរ។
អ្នកស្រី វុន យីហ៊ុប ជាភរិយារបស់លោកឧត្ដមសេនីយ៍ឯក ផាន់ សាមន្ថា ដែលជាអតីតម្ចាស់ផាស៊ី ចំណតរថយន្ដក្រុងប៉ោយប៉ែត ដែលជាជនរងគ្រោះម្នាក់ ដែលត្រូវបានក្រុមហ៊ុន ឈឿន ចាន់ និងបក្សពួកក្រុមអ្នកមានអំណាចនៅខេត្ដបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែតមួយក្ដាប់តូច បំផ្លិចបំផ្លាញអស់ទ្រព្យសម្បត្តិផ្ទះសំបែង ក្រោយប្ដីរបស់គាត់ បានលាចាកលោកនេះទៅ។
អ្នកស្រី សូមអំពាវនាវ ដល់ប្រមុខដឹកនាំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួយផ្ដល់យុត្តិធម៌ ជូននាងខ្ញុំផង នាងខ្ញុំគ្មានទីពឹងទេ មានតែសម្ដេចទេ ដែលអាចជួយនាងខ្ញុំបាន សូមសម្ដេចទទួលការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំផង។ អង្គភាពយើងខ្ញុំ រង់ចាំបកស្រាយបំភ្លឺពីគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ ដោយ៖សួន ជំនោ
