ទំនាក់ទំនងការផ្សាយ ០៩៧ ៦២០ ១១១១
ខេត្តត្បូងឃ្មុំ÷ រោងចក្រផលិតបារីដ៍ធំនៅលើផ្ទៃដីរាប់ហិកតា របស់ជនជាតិចិនចំនួនបីកន្លែង សង្ស័យគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ស្ថិតនៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងសម្រុកផលិតលក់ទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសជាច្រើនឆ្នាំមកហើយ ខណៈមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត និងមន្ត្រីគយហាក់ស្ងៀមស្ងាត់មិនអនុវត្តន៍ច្បាប់ ទំនងចាំតែទទួលផលប្រយោជនផ្ទាល់ខ្លួន មិនខ្វល់ពីចំណូលជាតិសោះឡើយ។

Oplus_0
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ មានសេចក្ដីរាយការណ៍មកថា មានកម្មករប្រុសស្រីជាច្រើននាក់កំពុងបម្រើការងារនៅក្នុងរោងចក្រផលិតបារីអត់ច្បាប់របស់ជនជាតិចិនមួយកន្លែង នៅភូមិអូរព្រិច។ សេចក្តីរាយការណ៍បានបន្តថា រោងចក្រផលិតបារីខាងលើ បានធ្វើអាជីវកម្មផលិតបារីជាច្រើនឆ្នាំមកហើយ ខណៈពេលយូរៗម្តង ឃើញមានមន្ដ្រីគយនិងមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានចុះទៅអើតឡេមឡឺមៗម្ដងម្កាល រួចក៍នាំគ្នាមកវិញយ៉ាងស្ងៀមស្ងាត់ ទំនងដូចត្រូវថ្នាំបន្ទន់ឆ្អឹងរបស់ថៅកែជនជាតិចិនយ៉ាងអ៊ីចឹង ។
ប្រជាពលរដ្ឋរស់នៅក្បែររោងចក្រផលិតបារីខុសច្បាប់របស់ជនជាតិចិនមានចម្ងល់ថា ទាំងមន្ត្រីគយ ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ពន្ធ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ក្នុងខេត្តត្បូងឃុំទាំងមូល ហេតុអ្វីបានជាបណ្ដែតបណ្ដោយ ឲ្យជនជាតិចិនធ្វើអាជីវកម្មខុសច្បាប់ បែបអនាធិប្បតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរាប់ឆ្នាំបែបនេះ ឬក៏មានការពាក់ពន្ធ័នឹងផលប្រយោជន៍ ទើបមិនបង្ក្រាប?។
ជាក់ស្តែងខេត្តត្បូងឃុំ គឺជាខេត្តមួយដែលពោរពេញទៅដោយបទល្មើសជាច្រើន ជាពិសេសបទល្មើទំនិញខុសច្បាប់ឆ្លងដែន។ ដោយសារតែភាពងាយស្រួលក្នុងការក្នុងការរកសុីគេចពន្ធខុសច្បាប់បែបនេះ ទើបជនជាតិចិន សម្ងំបង្កើតរោងចក្រចំនួន៣កន្លែងដោយគ្មានច្បាប់អនុញាតត្រឹមត្រូវ លួចផលិតបារី នៅក្នុងខេត្ដត្បូងឃុំ ហើយលួចនាំចេញទៅក្រៅប្រទេសគេចពន្ធជាច្រើនឆ្នាំបែបនេះ។ ករណីនេះ សូមឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្តាជួយពិនិត្យមើលលើមន្ត្រីសាខាគយខេត្តត្បូងឃ្មុំ និងមន្ត្រីការិយាល័យគយគយច្រកទ្វារព្រំដែនអន្តរជាតិពញាក្រែកផងទាន!
ជុំវិញករណីខាងលើអ្នកយកព័ត៌មានគេហទំព័រ”សម្លេងឯករាជ្យ”បានធ្វើការទំនាក់ទំនងតាមប្រពន្ធ័តេឡេក្រាម រាយការណ៍ទៅឯកឧត្តមប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ប៉ុន្តែមិនទទួលបានឃើញតបឡើយ។
ពាក់ព័ន្ធនឹងការចុះផ្សាយ ខាងលើអង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖សួន ជំនោរ
