ទំនាក់ទំនងការផ្សាយ ០៩៧ ៦២០ ១១១១
កំពង់ចាម÷ បើគ្មានការប្រែប្រួលទេ មន្ទីរសុខាភិបាល ខែត្រកំពង់ចាម ដឹកនាំដោយលោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរ និងជាប្រធានក្រុមលទ្ធកម្មមន្ទីរផងនោះ នឹងបើកការដេញថ្លៃគម្រោងចំនួន៩កន្លែងក្នុងខេត្តទាំងមូល នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ហើយមានសង្ស័យថាគម្រោងទាំងនេះ នឹងធ្លាក់ទៅក្នុងដៃក្រុមហ៊ុនរបស់លោកស្រី ណៃ បូពៅ តែមួយប៉ុណ្ណោះ ដោយសារក្រុមហ៊ុនមួយនេះមានឥទ្ធិពលខ្លាំងក្លាមហិមាលើសក្រុមហ៊ុនណាៗទាំងអស់ និងមានការស្និទ្ធស្នាលបំផុតជាមួយប្រធានមន្ទីរម្ចាស់គម្រោង ក្នុងខេត្តកំពង់ចាម។
មន្ទីរសុខាភិបាលខេត្តកំពង់ចាម នឹងបើកការដេញថ្លៃដើម្បីជួសជុលអគារសាលប្រជុំ រោងដាក់រថយន្តមន្ទីរសុខាភិបាល អគារក្នុងមន្ទីរពេទ្យខែត្រ និងមណ្ដលសុខភាពតាមស្រុកសរុបចំនួន៩កន្លែង ដែលមានតម្លៃ
ប៉ាន់ស្មានសរុបចំនួន ១.៩៩៨.៧៨៥.០០០រៀលស្មើនឹងជិត៥០ម៉ឺនដុល្លារអាមេរិក។
បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា កន្លងមកចំពោះការងារដែលត្រូវសាង់សង់ និងជួសជុលភាគច្រើនក្រុមហ៊ុនដែលទទួលសិទ្ធិ ជាពិសេសការជុសជុល បានត្រឹមធ្វើការកោសថ្នាំចាស់លាបថ្នាំថ្មី និងកែលម្អបន្ដិចបន្តួចជាការស្រេច។ ហើយគម្រោងដែលមន្ទីរសុខាភិបាល ខែត្រកំពង់ចាម ត្រៀមដេញថ្លៃនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ខាងមុខទំនងជាដូចគ្នាកាលដេញថ្លៃនៅក្នុង ឆ្នាំ២០២៣ ដែរហើយ ឯក្រុមហ៊ុនដែលដេញថ្លៃបាននោះគឺទំនងមុខដដែលៗ អាចថាជាក្រុមហ៊ុនដ៏មានឥទ្ធិពល និងជិតស្និទ្ធបំផុតជាមួយអង្គភាពលទ្ធកម្មខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្តទៀតផង។
សម្រាប់គម្រោងដេញថ្លៃ ឆ្នាំ២០២៤ ខាងមុខរួមមានៈ ទី១.ជួសជុលអគារសាលប្រជុំមន្ទីរ។ ទី២.ជួសជុលអគាររោងដាក់រថយន្តមន្ទីរសុខាភិបាលខែត្រ។ ទី៣.ជួសជុលអគារសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខែត្រ។ ទី៤.ជួសជុលអគារជំងឺឆ្លងមន្ទីរពេទ្យខែត្រ។ ទី៥.ជួសជុលការិយាល័យសុខាភិបាល កំពង់ចាម កំពង់សៀម មណ្ឌលសុខភាពវាលវង់។ ទី៦.ជួសជុលមណ្ឌលសុខភាពហាន់ជ័យ ស្រុកកំពង់សៀម។ ទី៧.ជួសជុលមណ្ឌលសុខភាពផ្អាវ ស្រុកបាធាយ។ ទី៨.ជួសជុលមណ្ឌលសុខភាពដងក្ដា ស្រុកស្ទឹងត្រង់ និងទី៩.ជួសជុលមណ្ឌលសុខភាពបុសខ្នុរ ស្រុកចម្ការលើ។
យោងតាមប្រភពសារព័ត៌មានក្នុងស្រុកមួយលើកឡើងថា ការដេញថ្លៃនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នាពេលខាងមុខនោះ ទោះយ៉ាងណាគេបានសន្និដ្ឋានថា ភាគច្រើន គឺទំនងបានទៅលើក្រុមហ៊ុនរបស់លោកស្រី ណៃ បូពៅ ដ៏ឥទ្ធពលបំផុតនៅក្នុង ខែត្រកំពង់ចាម។ ការដេញថ្លៃនេះ នឹងមានការចុះថ្លៃតិចតួចបំផុតដូចកាលពីឆ្នាំមុន។
ជាទូទៅកម្រិតលម្អៀងនៃការដេញថ្លៃ គឺកំណត់មិនឲ្យក្រោម១០ភាគរយ ឬលើស១០ភាគរយនៃតម្លៃគំរោងឡើយ ប៉ុន្តែផ្ទុយទៅវិញកាលឆ្នាំ២០២៣ មន្ទីរសុខាភិបាល ខែត្រកំពង់ចាម បានដេញថ្លៃជួសជុល អគារសាលប្រជុំ រោងដាក់រថយន្តក្នុងមន្ទីរសុខាភិបាលខែត្រ អគារពិនិត្យ និងបែងចែកអ្នកជំងឺមន្ទីរពេទ្យខែត្រ មណ្ឌលសុខភាពសំបូរ ស្រុកបាធាយ និងមណ្ឌលសុខភាពស្ពឺ ស្រុកចម្ការលើ ដោយមានតម្លៃដាក់ដេញសរុប១៩៩១លានរៀល។ ជាក់ស្តែងពេលដេញបានគឺត្រឹម១.៨៨៨លានរៀលស្មើនឹងជិត៤៨ម៉ឺនដុល្លារពោលគឺដេញថ្លៃចុះបានត្រឹម៣លានរៀលស្មើ និងជាង៧០០ដុល្លារ បើគិតជាភាគរយគឺក្រោមកន្លះភាគរយ ដែលស្ទើរតែដូចតម្លៃដើមទាំងស្រុងទៅហើយ។ បើនិយាយជារួមការដេញថ្លៃបែបនេះ គឺដូចជាគ្មានគូប្រជែងតែម្តង ខណៈក្រុមហ៊ុននីមួយៗមុនចូលដេញថ្លៃត្រូវបង់ប្រាក់តម្កល់ជិត៤០លានរៀល និងចំណាយលើការទិញBID និងត្រូវបំពេញទំរង់BID យ៉ាងល្អិតល្អន់ ដើម្បីចូលដេញថ្លៃ ដែលធ្វើឲ្យមានមន្ទិលថាជាការរៀបចំឈុតឆាកសម្តែងដេញថ្លៃ តែតាមពិតសង្ស័យជាការរៀបចំទុកជាមុនឲ្យទៅក្រុមហ៊ុនណាមួយច្រើនជាង ហើយក្រុមហ៊ុនដែលចូលរួមដេញថ្លៃ ទំនងសុទ្ធតែបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនតែមួយ របស់លោកស្រី ណែ បូពៅ តែប៉ុណ្ណោះក៏ថាបាន ។
ប្រភពបានបន្ថែមទៀតថា រឿងដេញថ្លៃនៅមន្ទីរសុខាភិបាលខែត្រកំពង់ចាម កាលពីឆ្នាំ២០២៣ និងឆ្នាំមុនៗនោះ បើប្រៀបធៀបនឹងការដេញថ្លៃនៅតាមឃុំសង្កាត់គឺទទួលបានការចុះថ្លៃខុសគ្នាមេឃនិងដី។ ដូច្នេះថវិកាជាតិត្រូវចំណាយច្រើន ប៉ុន្តែលទ្ធផលបានតិច ឯអ្នកចំណេញគឺក្រុមហ៊ុន និងបក្ខពួកអ្នកមានអំណាចជាម្ចាស់គម្រោងទៅវិញទេ។
តាមប្រភពខាងលើដដែលឲ្យដឹងទៀតថា រាល់ការដេញថ្លៃលើគម្រោងនានាក្នុងខេត្តកំពង់ចាមគ្រប់មន្ទីរស្ថាប័នរដ្ឋ គឺក្រុមហ៊ុនរបស់លោកស្រី ណៃ បូពៅ ហាក់មានសំណាងខ្លាំងណាស់ តែងតែទទួលបាននូវគម្រោងកសាងសង់ឬជួសជុលសំណង់អគាររដ្ឋនៅតាមមន្ទីរ ឬអង្គភាពនានាស្ទើរទាំងអស់នៅក្នុងខែត្រ។ ករណីបែបនេះ ធ្វើឲ្យមានចម្ងល់ថា ក្រុមហ៊ុនផ្សេងៗទៀតទំនងអង្គភាពលទ្ធកម្មខត្ត និងប្រធានមន្ទីរគ្រប់ស្ថាប័នក្នុងខេត្ មិនផ្តល់សេចក្តីទុកខចិត្តផ្តល់គម្រោងសាងសង់ឲ្យទេ ឬមួយខ្លាចអំណាចក្រុមហ៊ុនរបស់លោកស្រី ណៃ បូពៅ ដ៏មានឥទ្ធិពលនោះ?។
ការដេញថ្លៃបែបនេះ គឺប្រៀបប្រដូចទៅនឹងការដេញថ្លៃឆ្ពិនភ្នែក ឬចងមុងដែលទំនងជាការគប់គិត
និងចែកផលប្រយោជន៍គ្នារវាងម្ចាស់គម្រោង និងម្ចាស់ក្រុមហ៊ុនរាប់រយលានរៀល។ ឯរដ្ឋគឺជាអ្នកខាតបង់ថវិកាដ៏ច្រើនសម្បើម ផ្ដើមចេញពីអំពើពុករលួយ បក្ខពួកនិយម រៀបចំដេញថ្លៃមិនប្រក្រតីខុសពីទម្រង់ច្បាប់ ដោយសារ ប្រធានមន្ទីរ ឬ ប្រធានអង្គភាពលទ្ធកម្មជាអ្នកលើកគម្រោងមានតម្លៃថ្លៃលើសតម្លៃពិត ដើម្បីមានឱកាសគប់គិតគ្នាដេញថ្លៃចងមុងចែកផលប្រយោជន៍គ្នាទៅវិញទៅមក។ ករណីនេះ ចាំមើលការដេញថ្លៃរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាមទាំង៩គម្រោងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ពិតជាធ្លាក់ទៅក្នុងដៃក្រុមហ៊ុនរបស់អ្នកស្រីណៃ បូពៅ ដ៏មានឥទ្ធិពលដូចឆ្នាំមុនដែរឬទេ? ។
នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោក គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល ខែត្រកំពង់ចាម និងលោកស្រី ណៃ បូពៅ ប្រធានក្រុមហ៊ុនសាងសង់ អង្គភាពយើងពុំអាចសុំការបំភ្លឺបានទេជុំវិញករណីខាងលើ។ ទោះជាយ៉ាងណារាល់ការលើកឡើងខាងលើវាមែនជាការឆ្លុះបញ្ចាំងពីទស្សនៈរបស់អង្គភាពយើងនោះទេ៕
