ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េងនឹងបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៤។
យោងតាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានកម្ពុជាថ្មី បានឱ្យដឹងថា រោងចក្រផលិតអគ្គិសនីនេះមានអានុភាព ៩០០ មេហ្គាវ៉ាត់ នឹងបើកការដ្ឋានសាងសង់ក្រោមវត្តមានលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ប្រភពដដែលបង្ហើបថា ដំបូងឡើយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបគ្រោង សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ៧០០មេហ្គាវ៉ាត់ និងប្រើទុនវិនិយោគសរុប ១,៣ ពាន់លានដុល្លារអាមេរិក ប៉ុន្តែពេលនេះក្រុមហ៊ុនបានបង្វែរមកសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិវិញ៕
