ទំនាក់ទំនងការផ្សាយ ០៩៧ ៦២០ ១១១១
រតនគិរី : ពលរដ្ឋ និងមន្ត្រីការពារព្រំដែនផង បានបង្ហើបថា មានគ្រឿងចក្រជាច្រើនគ្រឿងពីប្រទេសយួន រួមទាំងកម្មករជំនាញជាជនជាតិយួនរាប់រយនាក់ បានសម្រុកចូលតាមច្រកទ្វារព្រំដែននៃប៉ុស្តិ៍ដូនញ៉ាសាន ដើម្បីធ្វើ សកម្មភាពកាយយករ៉ែមាសយ៉ាងគគ្រឹកគគ្រេងប្រមាណជាង៣ខែហើយ នៅក្នុងតំបន់កន្ទុយនាគចំណុចមុំ៣ នៃឧទ្យានជាតិវីរៈជ័យ ក្នុងស្រុកតាវែង ខេត្តរតនគិរី ឯអ្នកកាងមិនធម្មតា ទំនងមានដាវអាជ្ញាសឹកពីឋានព្រះឥន្ទ្រផងមិនដឹង?..។
តាមសេចក្ដីរាយការណ៍ថា ផ្លូវខាងទឹកដីកម្ពុជាពិបាកក្នុងការចូលទៅកាន់ទីតាំងនោះខ្លាំងណាស់ គឺបានតែតាមម៉ូតូ និងថ្មើរជើងប៉ុណ្ណោះ ដូច្នេះគេបានឈូសផ្លូវចូលពីដីយួនមកវិញ ។ ប្រភពរាយការណ៍ថាគ្រឿងចក្រថ្មីស្រឡាង បានធ្វើសកម្មភាពកាយយកដីរ៉ែមាស និងម៉ាសុីនរ៉ែងយកមាសត្រូវគេដាក់ពង្រាយបណ្តាក់គ្នារាប់សិបកន្លែង ចាប់ពីចំណុចបង្គោលព្រំដែនលេខ៦ ដល់បង្គោលលេខ១ ចុងកន្ទុយនាគជាប់ប្រទេសវៀតណាម ហើយរុញដល់បង្គោលលេខ៩៥ ជាប់ប្រទេសឡាវ ក្រោមការយាមកាមយ៉ាងតឹងរុឹង មិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ឬមន្ត្រីជំនាញខ្មែររូបណាដែលគ្មានភារកិច្ចចូលទៅតំបន់នោះឡើយ ពោលតំបន់នោះបានប្រែក្លាយទៅជាតំបន់ផ្តាច់មុខ ប្រកបដោយអាថ៌កំបាំងបំផុត ។
ប្រភពបន្តឲ្យដឹងថា បច្ចុប្បន្នតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ ក៏កំពុងត្រូវបានគ្រប់គ្រង និងកាប់បំផ្លាញព្រៃឈើ ដឹកយកទៅលក់នៅប្រទេសវៀតណាមផងដែរ ដោយជ្រកក្រោមស្លាកក្រុមហ៊ុនមួយ លួចធ្វើប្រតិបត្តិការផ្ទាល់ដោយឧកញ៉ាមួយរូបដែលល្បីឈ្មោះខាងកាប់បំផ្លាញព្រៃឈើនៅខេត្តពោធិ៍សាត់កាលពីអំឡុងឆ្នាំ២០១៦-២០១៨ ។

Oplus_131072
ជាង៣ខែមកហើយ ជនជាតិយួនបានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ម៉ាសុីនរ៉ែងយករ៉ែមាសរាប់សិបគ្រឿងធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យទ្រង់ទ្រាយធំនៅក្នុងតំបន់កន្ទុយនាគ ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវពីរដ្ឋាភិបាលកម្ពុជា។ សកម្មភាពទាំងនេះ បានធ្វើឲ្យរញ្ជួយដល់ព្រះធរណី កក្រើកអាកាសា ផ្អើលអស់ពពួករុក្ខទេវតា អ្នកតា បង់បត់ ថែរក្សាព្រឹក្សព្រៃ សត្វព្រៃ បក្សាបក្សី….ប៉ុន្តែមិនបានភ្ញាក់ផ្អើលដល់បុគ្គលមានអំណាចលោភលន់ និងមន្ត្រីប្រដាប់អាវុធឈេរជើងចាំការពារព្រំដែននៅតំបន់នោះ ក៏ដូចជាមន្ត្រីជំនាញនៃអាជ្ញាធរខេត្តរតនៈគិរីឡើយ។ នៅខណៈនេះតំបន់កន្ទុយនាគធនធានរ៉ែមាស និងព្រៃឈើខ្មែរកំពុងសោកសង្រេង យំយែកស្រែករកអ្នកការពារដ៏ស្មោះត្រង់ និងដាក់បណ្តាសាដល់ជនទាំងឡាយណាដែលបាន និងកំពុងចូលរួមបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិរបស់ខ្មែរ..។
នៅចំពោះមុខហានិភ័យជាតិយ៉ាងធ្ងន់ធ្ងន់នេះ អង្គភាពគេហទំព័រ “ព្រៃវែងប៉ុស្តិ៍” ក្រោយទទួលបានរូបភាពនិងព័ត៌មាន បានព្យាយាមផ្ញើរបាយការណ៍ទៅកាន់រដ្ឋមន្ត្រីស្ថាប័នជាតិពាក់ព័ន្ធ ដើម្បីជាតម្រុយក្នុងការអង្កេតស្រាវជ្រាវបន្ថែម ស្វែងរកការពិត និងឈានដល់ការអនុវត្តន៍ច្បាប់ ការពារសម្បត្តិធនធានធម្មជាតិរបស់កម្ពុជា ។

Oplus_131072
យ៉ាងណាក្តីរបាយការណ៍ទាំងអស់នេះខាងលើ វាគ្រាន់តែជាតម្រុយមួយដែលអាចឲ្យក្រុមមន្ត្រីជំនាញ ពិសេសអាជ្ញាធរខេត្តរតនគិរី បើកការស្រាវជ្រាវស៊ើបអង្កេត ដើម្បីឈានទៅទប់ស្កាត់ការពារផលប្រយោជន៍ជាតិ កុំឱ្យបាត់បង់ទៅលើបរទេសជិតខាង និងឈ្មួញទុច្ចរិត ដូចដានចាស់កាលអំឡុងឆ្នាំ ២០០៥ និងឆ្នាំ២០១៩។ កាលនោះព្រៃឈើនៅតំបន់កន្ទុយនាគ នៃដែនឧទ្យានជាតិវីរៈជ័យត្រូវបានជនបរទេសចូលមកកាប់បំផ្លាញយ៉ាងរង្គាល ឯរដ្ឋាភិបាលកម្ពុជាគ្មានបានមួយរៀលយកមកក៏សាងជាតិឡើយ ផ្ទុយទៅវិញចាប់បានតែមនុស្សល្មិចល្មក់ដាក់គុក ឯមេក្លោងធំជាចៅហ្វាយខេត្ត គឺលោក ខាំ ឃឿន ប្រាស់ចូលប្រទេសជិតខាងបាត់ ស្រមោល ទីបំផុតត្រូវបានព្រះមហាក្សត្រប្រោសប្រទានលើកលែងទោសទៀតផង ៕

Oplus_131072

Oplus_131072

Oplus_131072
