Connect with us

Hi, what are you looking for?

ព្រៃវែងប៉ុស្តិ៍

ដំណឹងក្នុងស្រុក

ពលរដ្ឋមិនអស់ចិត្តករណីលក់ដីរួមរបស់ឃុំសន្លុង បានលុយជិត២០ម៉ឺនដុល្លារ ស្នើដល់អង្គភាពប្រឆាំង អំពើពុករលួយឲ្យបើកការស៊ើបអង្កេតរកការពិត

Oplus_131072

ទំនាក់ទនងការផ្សាយ ០៩៧ ៦២០ ១១១១
កណ្តាល÷មួយរយះនេះ បណ្តាញសារព័ត៌មាន នៅក្នុងស្រុក បានចេញផ្សាយ ជាបន្តបន្ទាប់ ករណីលក់ដីរួម នៅឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទំហំ៣,៥ហិកតា ដែលរដ្ឋបាលឃុំបានលក់កាលពីអំឡុងឆ្នាំ២០១៦ ស្ថិតនៅក្រោមអំណាចលោកមេឃុំ និងលោកចៅហ្វាយស្រុកចាស់ ត្រូវបានគេបិទបាំងព័ត៌មានយ៉ាងស្ងៀមស្តាត់។

ជាក់ស្តែងមកដល់ពេលនេះ សូម្បីតែព័ត៌មាន នៃតម្លៃការលក់ដីក្នុង១ម៉ែត្រការ៉េបានតម្លៃប៉ុន្មាន ក៏ពលរដ្ឋក្នុងឃុំមិនបានដឹង ហើយមន្ត្រីពាក់ព័ន្ធ បែរជាព្យាយាមលាក់បាំងយ៉ាងជិតផងដែរ។ យ៉ាងណាក៏ដោយដើម្បីដោះស្រាយបញ្ហានេះ មន្ត្រីរដ្ឋបាលស្រុក ខ្សាច់កណ្ដាល ក៏ដូចជាសមាជិកក្រុមប្រឹក្សាឃុំសន្លុង និយាយថា គឺសួរតែលោកអតីតចៅហ្វាយស្រុក និងមន្ត្រីសុរិយោដីស្រុកខ្សាច់កណ្ដាល គឺដឹងហើយ។  ប្រជាពលរដ្ឋនៅភូមិសន្លុង បានឲ្យដឹងថា ដីរួមឃុំសន្លងទំហំជាង៣ ហិចតា លក់បានលុយ ដែលអ្នកខ្លះថា ១២ម៉ឺនដុល្លារ និងខ្លះថាជិត២០ម៉ឺនដុល្លារ ធ្វើឲ្យអ្នកភូមិជ្រួលច្របល់មិនដឹងថាលុយទាំងអស់នេះយកទៅណា ធ្វើអីឲ្យប្រាកដ។

យ៉ាងណាក៏ដោយរឿងនេះ អង្ករក្លាយជាបាយទៅហើយ ដីនោះក៏ទៅក្លាយជាប្លង់រឹងកម្មសិទ្ធិ ទៅហើយផងដែរ។ តែប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើ ស្នើឲ្យស្ថាប័នជាតិពាក់ព័ន្ធ ពិសេសស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ គួរត្រួតពិនិត្យឡើងវិញ ចំពោះអំពើពុករលួយរបស់មន្ត្រីមូលដ្ឋានទាំងនេះ។

ប្រភពបន្តថា អតីតចៅហ្វាយស្រុកខ្សាច់កណ្ដាល លោក ប៊ុន ផេង បច្ចុប្បន្នជាអភិបាលរងខេត្តកណ្តាល និងលោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកខ្សាច់ កណ្ដាល….ជាអ្នករៀបចំឈុតឆាកនៃការលក់ដីនៅឃុំសន្លុងនោះទាំងមូល។ បើតាមលោកមេភូមិ និងសមាជិកក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល បានអះអាងដូចៗគ្នាថា ដីអាករឃុំរបស់រដ្ឋដែលមានទំហំ៣ហិកតាកន្លះ នៅចំណុចជាប់និងទំនប់ខាងកើត”មេទឹកសំឡូង”ស្ថិត នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ត្រូវមេឃុំ(អាណត្តិមុន) គប់គិតលក់ឱ្យឧកញ៉ាម្នាក់ បានលុយជិត២០ ម៉ឺនដុល្លារចែកគ្នាអស់ហើយ។ មានន័យថា វាជាការឃុបឃិតគ្នារវាងអាជ្ញាធរថ្នាក់ស្រុក(អតីតអភិបាលស្រុក) និងប្រធានភូមិបាលស្រុកក្នុងការរៀបចំផែនការលក់ដីរួមរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើនេះ។ ជាពិសេសពួកគេបានក្លែងបន្លំស្នាមមេដៃប្រជាពលរដ្ឋក្នុងសហគមន៍ថែមទៀតផង។

លោក ទឹម ទន មេភូមិសន្លុងបានថ្លែងថា អតីតមេឃុំសន្លុង ពិតជាបានលក់ដីអាករឃុំរបស់រដ្ឋ ត្រង់ចំណុចខាងលើប្រាកដមែន។លោកមេភូមិបញ្ជាក់ថា ដីនោះលោកមេឃុំអាណត្តិមុនជាអ្នកលក់ ដោយយកលុយមកតម្កល់ទុកនៅសាលាឃុំ ហើយលោកស្រី ណេង ដាលីស មេឃុំថ្មី ជាអ្នកចាត់ចែង ដកចាយវាយ។  បច្ចុប្បន្នដីនេះក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមានប្លង់រឹងរួចអស់ហើយ ស្របពេលដែលប្រជាពលរដ្ឋទើបតែដឹង ក្នុងរយៈពេលចុងក្រោយនេះ ហើយខ្សិបតៗគ្នាអំពីភាពមិនប្រក្រតីនៃការលក់ដីរួមនេះ។ ពលរដ្ឋជាអ្នកភូមិសន្លុងបាននិយាយថា ពួកគាត់ពុំបានដឹងឮ និងឯកភាពឱ្យអាជ្ញាធរឃុំសន្លុង លក់ដីអាករឃុំរបស់រដ្ឋនោះទេ។

ចំពោះបញ្ហាស្នាមមេដៃ ដែលពួកគាត់ផ្ដិតកាលពីកន្លង មកនោះ គឺដើម្បីស្នើសុំរក្សាការពារដីរដ្ឋ(ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវ។ អ្នកភូមិទាំងនោះនិយាយថា ប្រសិនបើអាជ្ញាធរនិងឈ្មួញយកមេដៃពួកគាត់ ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋ គឺជារឿងប្រឌិតទាំងស្រុង។តាមពលរដ្ឋដែលដឹងរឿង ករណីលក់ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ គឺរដ្ឋបាលឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង១ហិកតា អញ្ចឹងសរុប៣ហិកតាកន្លះស្មើ១៧.៥០០០ដុល្លារ។ បច្ចុប្បន្ន ឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលឱ្យពលរដ្ឋធ្វើស្រូវក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀលសម្រាប់រយៈពេល១ឆ្នាំម្ដង។ មានន័យថាឧកញ៉ា ចាប ហុងលី បានកាន់កាប់ស្របច្បាប់រួចហើយចំពោះដីធ្លីនៅក្នុងមូលដ្ឋានឥឡូវនេះគ្រាន់តែផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានធ្វើស្រែជាបណ្ដោះអាសន្នជាមួយនឹងការជួលក្នុងមួយឆ្នាំ៦០ម៉ឺនរៀល។ដូច្នេះ១ឆ្នាំឧកញ៉ាទទួលបានលុយពីការជួលដីតែ៤០០ដុល្លារប៉ុណ្ណោះ។

លោក ថោង ស្រស់ អតីតមេឃុំសន្លុង និងបច្ចុប្បន្នជា
សមាជិកក្រុមប្រឹក្សាឃុំសន្លុង បានថ្លែងថា ដីអាករឃុំ ទំហំ៣ហិកតាកន្លះ ដែលជាប់នឹងទំនប់”មេទឹកសំឡូង” ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី ប្រាកដមែន ហើយមន្ត្រីជំនាញក៏បានចេញប្លង់រឹងឱ្យឧកញ៉ា ចាប ហុងលី រួចរាល់ហើយដែរ។អតីតមេឃុំសន្លុងបន្ថែមថា ដីនោះ លក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥០.០០០ដុល្លារ ក្នុង១ហិកតា ក្នុងនោះ រដ្ឋបាលឃុំ ទើបនឹងទទួលបានលុយគ្រប់ចំនួននាពេលថ្មីៗនេះដែរទេ។ លោកថា លុយទាំងនោះនៅលើលោកស្រីមេឃុំបច្ចុប្បន្ន ជាអ្នកកាន់កាប់។

លោកស្រី ណេង ដាលីស មេឃុំសន្លុង ដែលចូលកាន់តំណែងនៅក្នុងឆ្នាំ២០២២ បានថ្លែងពីប្រទេសកូរ៉េទីដែលលោកស្រីកំពុងព្យាបាលជំងឺឲ្យដឹងថា លោកស្រីបានទទួលប្រាក់យកមករក្សាទុកចំនួន១២ម៉ឺនដុល្លារដោយរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានឃុំបានមួយចំនួន។ ប្រាក់ដែលនៅសល់គឺតម្កល់ទុកនៅឡើយដោយមានឯកសារចំណូលចំណាយច្បាស់ លាស់។ លោកស្រីបញ្ជាក់ថាមិនពាក់ព័ន្ធនឹងការលក់ដីនោះទេ គឺលោកស្រីមកកាន់តំណែងក្រោយដីនោះលក់បាន៥-៦ ឆ្នាំហើយ។ ទោះយ៉ាងណាក៏ដោយពលរដ្ឋរស់នៅក្នុងឃុំសន្លុងបានស្នើដល់អភិបាលខេត្តកណ្តាល អង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតពាក់ព័ន្ធនឹងការគ្រប់គ្រងថវិកាដែលបានមកពីការលក់ដីរួមអាករឃុំ ដើម្បីបង្ហាញពីតម្លាភព ទំនុកចិត្តពិតប្រាកដដល់ពលរដ្ឋក្នុងសហគមន៍៕

You May Also Like

ដំណឹងក្នុងស្រុក

ទំនាក់ទំនងការផ្សាយ ០៩៧ ៦...

ដំណឹងក្នុងស្រុក

មណ្ឌគិរី : ពលរដ្ឋប្រមាណជ...