Connect with us

Hi, what are you looking for?

ព្រៃវែងប៉ុស្តិ៍

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជិត១៤ ពាន់លាន​ដុល្លារ ពីការនាំចេញផលិតផល GFT

Oplus_131072

ទោះបីជាស្ថានភាពសេដ្ឋកិច្ច​សកហាក់មានកំណើនយឺតកាលពីឆ្នាំ២០២៤  ប្រទេសកម្ពុជា​បាន​​ធ្វើការនាំចេញផលិតផល​វាយនភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ការ​ធ្វើ​ដំណើរ​ (GFT)  ជាង ១៣,៩២ពាន់លានដុល្លារ ធៀបទៅនឹង​ទឹកប្រាក់ជាង១១,២៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើងជាង ២៣ភាគរយ​កាលពីឆ្នាំ២០២៣។

​​របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងរយៈពេល១២ខែឆ្នាំ២០២៤ ​ការនាំចេញវាយនភណ្ឌមានប្រមាណ ៤២៦,៥៤លានដុល្លារ (កើនឡើង ១៧​%) ការនាំចេញសម្លៀកបំពាក់ឈានដល់ ៧,៨៦៨ពាន់លានដុល្លារ (ការកើនឡើង២៤,៤៤%) និងការនាំចេញស្បែកជើង ១.៣៦៥ ពាន់លានដុល្លារ (កើនឡើង ២​៣%)  ខណៈដែលទំនិញធ្វើដំណើរសម្រេចបាន ១​,៦៣៣ ពាន់លានដុល្លារ​ កើនឡើង ១៩,៦ ភាគរយ។

Oplus_131072

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍មួយកាលពីថ្ងៃទី១៨ ខែវិច្ឆិកានេះថា ឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង (GFT) គឺជាវិស័យអាទិភាពរបស់កម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

លោកស្រីបានថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជាយល់យ៉ាងច្បាស់នូវភាពប្រកួតប្រជែងខ្ពស់នៃឧស្សាហកម្មនេះ និងបានដាក់ចេញនូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍវិស័យនេះទៅជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស»។

Oplus_131072

លើសពីនេះទៅទៀត លោកស្រីថា ដើម្បីបង្កើនភាពប្រកួតប្រជែង ស្របពេលដែលធានាឱ្យបាននូវលក្ខខណ្ឌការងារសមស្របក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ក្នុងឆ្នាំ២០០១កម្ពុជាបានចូលរួមក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលធ្វើការវាយតម្លៃលើលក្ខខណ្ឌការងារដោយផ្អែកលើច្បាប់ការងារកម្ពុជា ច្បាប់ទាក់ទងនឹងការងារផ្សេងៗ និងបទដ្ឋានការងារគោលដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤នេះ តម្រូវការបញ្ជាទិញនៅក្នុងវិស័យវាយនភណ្ឌកើនឡើង នៅទីផ្សារអន្តរជាតិ ដូចជាអាមេរិក និងអឺរ៉ុប ធ្វើឱ្យការនាំចេញរបស់​កម្ពុជា​មាន​កំណើន។ជាមួយគ្នានេះដែរកម្ពុជាក៏កំពុងមានផែនការក្នុងការជម្រុញការនាំចេញផលិតផល GFT ទៅកាន់ចក្រភពអង់គ្លេសផងដែរ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ​ថា ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជានៅក្នុងឆ្នាំ ២០២៤ មានកំណើន ដោយសារតែប្រទេស​ជិតខាង​នៅ​ក្នុង​​តំបន់អាស៊ាន កំពុងប្រឈមបញ្ហាអសន្តិសុខ ដូចជាមីយ៉ាន់ម៉ា ស្រីលង្កា បង់ក្លា​ដេស ដែល​កំពុង​តែប្រឈម ក្នុងវិបត្តិសេដ្ឋកិច្ច។

យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងការងារគិតត្រឹមចុងខែតុលា ឆ្នាំ២០២៤ ​ វិស័យនេះមានរោងចក្រ និងសាខាចំនួន ១​ ៥៣៨​ដែលមានកម្មករនិយោជិតប្រមាណ ៩១៣ ០០០ នាក់ ដែលភាគច្រើនជាស្ត្រី៕

Oplus_131072

You May Also Like

ដំណឹងក្នុងស្រុក

ទំនាក់ទំនងការផ្សាយ ០៩៧ ៦...

ដំណឹងក្នុងស្រុក

មណ្ឌគិរី : ពលរដ្ឋប្រមាណជ...