អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) បានរាយការណ៍ថា ខ្លួនបានរកចំណូលជាង២,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើងជិត១៤ភាគរយធៀបនឹងឆ្នាំ២០២៣ ទោះបីជាមានបញ្ហាប្រឈមួយចំនួនដូចជាការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីដែលធ្វើឱ្យប៉ះពាល់ដល់ការកៀរគរចំណូលពន្ធគយក្តី។

Oplus_131072
លោកគុណ ញឹម អគ្គនាយក GDCE បានថ្លែងនៅក្នុងកិច្ចប្រជុំសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត កាលពីថ្ងៃទី១០ ខែកុម្ភៈថា ក្នុងឆ្នាំ២០២៤ GDCE បានប្រមូលចំណូលពន្ធនិងអាករចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,៥៩ ពាន់លានដុល្លារ) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។
លោកបានថ្លែងថា៖« ការប្រមូលចំណូលក្នុងឆ្នាំ២០២៤ នេះជួបប្រទះនឹងបញ្ហាប្រឈមធំៗមួយចំនួនមានជាអាទិ៍ កំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, ការអនុគ្រោះពន្ធនិងអាករកាន់តែធំទូលាយដើម្បីទាក់ទាញការវិនិយោគ, និន្នាការកើនឡើងនៃការប្រើប្រាស់រថយន្តដែលមានទំហំស៊ីឡាំងតូច និងរថយន្តអគ្គិសនី, និងការបន្តមាននូវសកម្មភាពរត់គេចពន្ធក្នុងរូបភាពថ្មីៗកាន់តែស្មុគស្មាញ»។
លោកបានថ្លែងពន្យល់ថា បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធនិងអាករធៀបនឹងចំណូលសរុប អាករលើតម្លៃបន្ថែមមានប្រមាណ ៤១,៣%, អាករពិសេសមានប្រមាណ ៣២,១%, ពន្ធគយមានប្រមាណ ១៨%, អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៤,៤% និងអាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ ៤,២%។
ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣១,១%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២៦,៩%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,៣%។
លោកថា សម្រាប់ទំហំពាណិជ្ជកម្មនាំចូលមានចំនួនជាង ២៨,៥៤៥ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗរួមមាន ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។
ខណៈទំហំពាណិជ្ជកម្មនាំចេញមានចំនួនជាង ២៦,៤៧៣ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, ផលិតផលប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២,៦%, និងកសិផល (មានជាអាទិ៍ ស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) មានកំណើន ១១,៦%៕
